3 years ago
២ដុល្លារសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ! Fossil Group x WE Share រួមគ្នាបង្កើតយុទ្ធនាការសប្បុរធម៌ដើម្បីជួយអ៊ុំៗស៊ីក្លូ
រយៈពេលស្ទើរតែ២ឆ្នាំមកហើយដែលយើងទាំងអស់គ្នារស់នៅជាមួយនិងវីរុសកូវីដ១៩ (Covid-19)។ អំឡុងពេលនេះដែរ ជីវិតមនុស្សម្នាក់ៗ គ្រប់ស្រទាប់វ័យ គ្រប់ស្រទាប់វណ្ណៈ សុទ្ធតែទទួលរងវិបតិ្តខុសៗគ្នា។ ជាក់ស្ដែង កម្មករនិងអ្នកប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃត្រូវប្រឈមនឹងភាពតក់ស្លុតនៃការបាត់បង់ប្រាក់ចំណូលនិងការឆ្លងវីរុសកូវីដ ដែលនេះក៏ជាបញ្ហាប្រឈមមួយសម្រាប់ជីវិតពូៗរត់ស៊ីក្លូជាច្រើននាក់នៅប្រទេសកម្ពុជា។ផ្អែកទៅលើមូលហេតុនេះហើយបានជា Fossil Group សហការណ៍គ្នាជាមួយ WE Share ដែលជាសមាគមសប្បុរសធម៌ នៃក្រុមហ៊ុន Watch Empire បង្កើតយុទ្ធនាការមួយមានឈ្មោះថា “Box of Kindness” ដើម្បីជួយសម្រួលជីវភាពរបស់អ៊ុំៗរត់ស៊ីក្លូ។
១) តើយុទ្ធនាការ “Box of Kindness” គឺជាអ្វី?
“$2 for Better Tomorrow” “2ដុល្លារសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ”
ក្នុងយុទ្ធនាការ Box of Kindness នេះ រាល់ការជាវនាឡិកាដៃមួយពីហាងនាឡិកាដៃ Fossil Group ខាងក្រុមហ៊ុននឹងដកទឹកប្រាក់ចំនួន $2 ដាក់ក្នុងប្រអប់សប្បុរសធម៌នៅខាងមុខហាងរបស់យើង។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចធ្វើការបរិច្ចាគទឹកប្រាក់បន្ថែមចូលទៅក្នុងប្រអប់ “Box of Kindness” នេះផងដែរ។
២) ហេតុអ្វីបានជាពួកយើងបង្កើតយុទ្ធនាការនេះ?
ដោយយើងសម្លឹងឃើញថា អ្នកប្រកបអាជីពរត់ស៊ីក្លូកំពុងជួបការលំបាកក្នុងការរកចំណូល ដែលសឹងមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ នេះក៏ព្រោះតែវិបត្តកូវីដ១៩ រួមនឹងការកើនឡើងនៃកង់បីនិងតាក់ស៊ី ដែលមានផាសុកភាពនិងល្បឿនលឿនជាងស៊ីក្លូ។ ដូច្នេះហើយទើបយើងបង្កើតយុទ្ធនាការនេះឡើងមក ដើម្បីស្វែងរកថវិកាមកជួយដោះស្រាយទុក្ខលំបាក និងបំពេញភាពខ្វះខាតក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
៣) តើយើងនឹងយកថវិកាមកជួយពួកគាត់ដោយវិធីណា?
ថវិកាដែលរកបានពីការបរិច្ចាគនឹងប្រើប្រាស់សម្រាប់ទិញសម្ភារៈចាំបាច់ដូចជា អង្ករ ត្រីខ មី ប្រេងឆា ត្រីងៀត ទឹកស៊ីអីវ ទឹកត្រី ស្ករស ភួយ ថ្នាំពេទ្យ ស្បែកជើងផ្ទាត់ និងអាវភ្លៀង មករៀបជាកញ្ចប់ ដែលក្រុមការងារយើងនឹងយកទៅចែកជូនអ៊ុំស៊ីក្លូដោយផ្ទាល់នៅតាមដងផ្លូវព្រះស៊ីសុវត្ថិ ព្រះអង្គអេង ផ្សារកណ្ដាល និងផ្សារថ្មី។
៤) តើយុទ្ធនាការសប្បុរសធម៌នេះនឹងដាក់ដំណើរការទីតាំងណាខ្លះ?
Box of Kindness នឹងត្រូវដាក់ដំណើរការចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ នៅតាមសាខាទាំងបីរបស់ Fossil Group ក្នុងរាជធានីភ្នំពេញ ដូចជា៖
-
Fossil Group ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី
-
Fossil Group ផ្សារទំនើបសូរិយា
-
Watch Empire ផ្សារទំនើបអូឡាំព្យា
ជាចុងក្រោយ ពួកយើងសង្ឃឹមថាយុទ្ធនាការនេះនឹងក្លាយជាផ្នែកមួយទំនុកបម្រុងជីវភាពរបស់អ្នកខ្វះខាតទាំងនោះនៅក្នុងស្ថានភាពកូវីត ដូចជាអ៊ុំៗរត់ស៊ីក្លូជាដើម ដូច្នេះហើយសូមបងប្អូនជនរួមជាតិគ្រប់រូបគប្បីចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីថ្ងៃស្អែកកាន់តែប្រសើរឡើង។