2 years ago


ក្រុមហ៊ុនវតឆ៍អេមផាយនាំចូលនាឡិកាដៃថែរក្សាបរិស្ថានមុនគេបង្អស់នៅកម្ពុជា

តើអ្នកធ្លាប់ដែរគិតចង់ផ្លាស់ប្តូរនាឡិកាឬទេ? ជាពិសេស នាឡិកាស្ទាយដូចគេ ឃើញគេពាក់ច្រើនហើយ មិនចង់ពាក្យដូចគេទេ ចង់បានអ្វីដែលប្លែកហើយថែមទាំងអាចចូលរួមការពារបរិស្ថានបានទៀតផង។ បើដូច្នេះអ្នកចូលមើលអត្ថបទមួយនេះធានាដឹងតែត្រូវចិត្តតែម្តង។​ តិចច្រលំថានាឡិកាជួយបរិស្ថានមើលទៅម៉ូតមិនស្អាត មិនទាក់ភ្នែក ឬសាមញ្ញពេក​ សូមអ្នកទាំងអស់គ្នាកុំបារម្ភអីព្រោះថ្ងៃនេះក្រុមការងារ WE Share នឹងលើកយកម៉ូតនាឡិកាចំនួន ៧ មកពីប្រេនទាំង ៥ ដែលសុទ្ធតែជាម៉ូតកំពុងពេញនិយមប្រចាំម៉ាកនីមួយៗ

1. Aaren Naturals Three-Hand Tan Strap Made With Cork Watch


តោះមកមើលម៉ូតទីមួយពីម៉ាក Skagen ដែលកំពុងដើរទីផ្សារឆ្ពោះទៅរកនិរន្តរភាពបរិស្ថានបន្ថែមទៀតជាមួយនឹងការណែនាំនូវម៉ូដែលថ្មីមួយគឺ Aaren Naturals។ រង្វ័ន្ធនាឡិកា ត្រនិច រួមទាំងខ្សែនាឡិកានីមួយៗសុទ្ធតែមានលក្ខណៈពិសេសពីវត្ថុធាតុដើមដែលគាំទ្រភពផែនដី រួមបញ្ចូលដូចជាដែកអ៊ីណុកអាចកែច្នៃឡើងវិញយ៉ាងតិច ៥០% និងជម្រើសស្បែកដែលធ្វើពីសំបកផ្លែមូលប៊ឺរី ឆ្នុក និងផ្លែប៉ោម។ លើសពីនេះទៅទៀត ក្រដាសប្រអប់របស់ម៉ាក Skagen ត្រូវបានបញ្ជាក់ដោយ FSC ថាជាផលិតផលមកពីព្រៃដែលស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវហើយបានផ្តល់ផលប្រយោជន៍ដល់បរិស្ថាន សង្គមនិងសេដ្ឋកិច្ច  ជាពិសេសវាអាចប្រើប្រាស់ឡើងវិញបាន ១០០% ។

2.​ Anita Automatic Rose-Tone Steel Mesh Watch


ម៉ូតទីពីរនេះក៏មិនធម្មតាដែរ ជាមួយនឹងខ្សែសំណាញ់ស្តើងអាចមើលឃើញគ្រឿងម៉ាស៊ីនដល់ខាងក្នុង។​ Anita Skeleton Automatic គឺជាប្រភេទនាឡិកាដែលប្រើប្រាស់ម៉ាស៊ីនអូតូ លោកអ្នកគ្រាន់តែធ្វើចលនាចុះឡើង នោះនាឡិកានឹងដំណើរការខ្លួនឯងដោយមិនចាំបាច់ប្រើថ្មជំនួយឡើយ។ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយពីផលប៉ះពាល់នៃការប្រើប្រាស់ថ្មច្រើនលើសកំណត់ទៅលើបរិស្ថានលើសពីនេះទៅទៀត បើយើងបោះចោលថ្មទាំងនោះផ្តេសផ្តាស វាអាចបំពុលទឹកនិងខ្យល់។ នៅពេលដែលថ្មពិលត្រូវបានបោះទៅក្នុងធុងសំរាមវានឹងបញ្ចូនទៅកន្លែងចាក់កំណសំរាម ជាកន្លែងដែលស្អុយរលួយដែលអាចធ្វើអោយថ្មលេចធ្លាយ នៅពេលថ្មរលួយសារធាតុគីមីរបស់ពួកវានឹងជ្រាបចូលទៅក្នុងដីហើយបំពុលទឹកក្រោមដីនិងផ្ទៃទឹកខាងលើផងដែរ។ 

3. The Minimalist Solar-Powered Luggage Leather Watch


សម្រាប់អ្នកដែលស្រលាញ់ពណ៍ស្រគាំបែបធម្មជាតិ ហើយស្រលាញ់ធម្មជាតិទៀតនោះ ដឹងតែពេញចិត្តពេញថ្លើមនឹងម៉ូតនេះតែម្តង។ រូបរាងសាមញ្ញ មិនសាំញាំច្រើន មើលពីខាងណាក៏ថ្លៃថ្នូរ ហើយថែមទាំងមានខ្សែស្បែកសុទ្ធមិនងាយដាច់ ចំណែកឯគុណភាពវិញល្អគ្មានប្រៀប។ សមត្ថភាពពិសេសរបស់នាឡិកានេះគឺជាប្រភេទនាឡិកាដែលប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ សន្សំសំចៃបានខ្ពស់​ សាកថ្មជាមួយពន្លឺ មិនចាំបាច់ប្រើប្រាស់ថ្ម។ បើនិយាយពីការវេចខ្ចប់វិញ ប្រអប់នាឡិការបស់ម៉ាក FOSSIL បានបញ្ចេញរាងដ៏ស្រស់ប្រឹមប្រិយលាយបញ្ចូលគ្រប់ពណ៍ គ្រប់រូបភាព ដែលលោកអ្នកអាចយកទៅប្រើប្រាស់ឡើងវិញ ដូចជាធ្វើប្រអប់ដាក់ក្រវិល ដាក់ជក់ផាត់មុខ ថូផ្កាឬដើមបន្ទាយជាដើម។
4. Ladies Olivia Burton Wishing Wave Glitter Dial Eco Friendly 


បងស្រីស្អាត ចាប់អារម្មណ៍ម៉ូតនេះទេ? រូបរាងស្តើង ស្រាល ផ្ទៃនាឡិកាចែងចាំងដូចសម្រស់ស្រី ពិតជាមើលមិនជិនណាយឡើយ។ ម៉ូតនេះដែររចនាឡើងលំនាំរលកសមុទ្រផ្លឹបផ្លែតក្រោមពន្លឺព្រះអាទិត្យ ភ្ជាប់ជាមួយខ្សែនាឡិកាដែលគិតគូរពីបរិស្ថានខ្ពស់។ ម៉្យាងវិញទៀត ម៉ាក Olivia Burton ផ្តោតខ្ពស់ទៅលើភពផែនដី ដូច្នេះគ្រប់ប្រអប់នាឡិកាសុទ្ធតែអាចយកទៅកែច្នៃបាន ដោយមិនប៉ះពាល់ដល់បរិស្ថានឡើយ។
5. NAUTICA LOVES THE OCEAN SUSTAINABLE FLAG-EMBELLISHED WATCH

បងបុរសសង្ហាៗ មិនដែលរំលងឡើយនៅម៉ាក Nautica ពីព្រោះតែគុណភាពនិងម៉ូតមិនចេះហួសសម័យ។ ជាក់ស្តែង Nautica បានចូលរូមសហការជាមួយក្រុមសំអាតឆ្នេរសមុទ្រពិភពលោកមកពីគ្រប់ទិសទីដោយប្រមូលសំណល់ផ្លាស្ទីកដែលចោលក្នុងសមុទ្រ យកមកឆ្នៃប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងបាតសមុទ្រ ដោយគម្រោងនោះមានឈ្មោះថា Love The Ocean។ ដបទឹកនិងសំណល់ផ្លាស្ទីកទាំងនោះបានយកផលិតធ្វើជាខ្សែនាឡិកាដៃ Nautica Love the Ocean នេះតែម្តង ហើយផ្តល់ជូននូវសមត្ថភាពពិសេសការពារជម្រៀបទឹកបានដល់ទៅ៥០ម៉ែត្រទៀតផង។ 

6. Nautica N83 LOVES THE OCEAN Men's Watch


ចំពោះយុវជនបែបជំទង់ និងអូនប្រុសក្មេងៗ ដែលនិយមចូលចិត្តម៉ូតសាមញ្ញពាក់ជាប្រចាំថ្ងៃបាន  អាចសាកល្បងមកប្រើប្រាស់ប្រភេទនាឡិកានេះ​បាន។ ដោយម៉ូតនេះត្រូវបានផលិតឡើងនិងស្ថិតក្នុង​ collection ជាមួយគ្នានឹង Love the Ocean។ វាជាជម្រើសល្អបំផុតសម្រាប់មនុស្សប្រុសដែលសកម្ម ពីព្រោះវត្ថុធាតុដើមផ្សំពីទីតានីមដែលមានសមត្ថភាពពិសេសមិនងាយច្រេះ និងឆ្កូត បូកផ្សំនឹងខ្សែនាឡិកាដែលអាចកែច្នៃឡើងវិញបានកាន់តែធ្វើឲ្យនាឡិកានេះមិនទិញមិនបាន។
7.  ICE WATCH SOLAR POWER

ក្រុមហ៊ុននាឡិកា ICE WATCH មានគោលគំនិតមួយថាការផ្លាស់ប្តូរត្រូវតែចាប់ផ្តើមពីឥឡូវនេះ មិនថាជាការសង្គ្រោះផែនដីក៏ដោយហើយពួកយើងសុទ្ធតែមានតួនាទីរៀងៗគ្នាក្នុងការជួយផ្លាស់ប្តូរពិភពលោកមួយនេះ។ នេះហើយជាហេតុផល ដែលនាឡិកាដៃ solar power មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ICE WATCH solar power គឺជាប្រភេទនាឡិកាស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ ហើយអាចជួយបរិស្ថានបន្ថែមទៀត។ វាត្រូវបានដំណើរការដោយថ្មអាគុយដែលអាចសាកបាន មិនចាំបាច់ធ្វើការផ្លាស់ប្តូរថ្មឡើយ នេះក៏ព្រោះតែបន្ទះសូឡាស្តើងតូច ដែលបានដាក់បញ្ចូលក្នុងផ្ទៃនាឡិការង្វង់ខាងក្នុង។ លើសពីនេះទៅទៀត ការវេចខ្ចប់ត្រូវបានរចនាឡើងសម្រាប់ការកាត់បន្ថយកាបូនបន្ថយកាកសំណល់ ហើយអាចយកទៅកែច្នៃឡើងវិញបានផងដែរ។ 

ក្នុងនាមអ្នកជាអតិថិជន អ្នកមានសិទិ្ធជ្រើសរើសទិញផលិតផលណាមួយដែលមិនប៉ះពាល់ដល់បរិស្ថានហើយប្រកបដោយនិរន្តរភាព ដូច្នេះហើយសូមអ្នកទាំងអស់គ្នាគប្បីគាំទ្រក្រុមហ៊ុនណាដែលលើកតំកើងបរិស្ថានស្អាតនិងជួយសង្គ្រោះភពផែនដី។ ដល់ពេលដែលអ្នកបញ្ចេញសកម្មភាពជាពលរដ្ឋគំរូហើយ ទោះបីជាអ្នកមិនអាចទប់ស្កាត់គ្រោះធម្មជាតិ ឬជួយការពារបរិស្ថានជាលក្ខណៈធំដុំក្តី ក៏អ្នកអាចចាប់ផ្តើមពីម្តងបន្តិចបានដែរ ដូចជាការប្រើប្រាស់ផលិតផលដែលថែរក្សាបរិស្ថានជាដើម។ Together, we can make a difference.